ធនាគារពិភពលោកៈ ភាពក្រីក្រនៅកម្ពុជានឹងកើនឡើង ខណៈពេលវិបត្តិកាន់តែធ្ងន់ធ្ងរ

ភ្នំពេញ (កម្ពុជា) ថ្ងៃទី៦ មករា ២០០៨៖ ប្រជាជនគ្មានទីជម្រក មករស់នៅក្នុងផ្សារមួយ នៅរាជធានី
©ចន វីង/ Magnum
របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកស្តីពីសេដ្ឋកិច្ចតំបន់ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានព្រមានថា ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមបណ្តាប្រទេសអាស៊ីដែលទទួលរងផល ប៉ះពាល់ធ្ងន់ធ្ងរបំផុតពីវិបត្តិសេដ្ឋកិច្ចពិភពលោក។ មុនដំបូង ធនាគារពិភពលោកធ្លាប់បានវាយតម្លៃថាអត្រាកំណើនផលិតផលក្នុង ស្រុកសរុបកម្ពុជាសម្រាប់ឆ្នាំ២០០៩ មានកំរិត៤,៩% ហើយស្ថាប័ននេះគឺជាគ្រឹះស្ថានហិរញ្ញវត្ថុចុងក្រោយមួយ ដែលនៅមិនទាន់បានធ្វើការកែសម្រួលការព្យាករណ៍របស់ខ្លួន។ ប៉ុន្តែ នៅទីបំផុត ធនាគារនេះក៏បានប្រកាសអំពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចកម្ពុជា ថា កំណើនផលិតផលក្នុងស្រុកសរុបអាចនឹងធ្លាក់ចុះ១% ធៀបទៅនឹងឆ្នាំ២០០៨ ដែលជាឆ្នាំមានសកម្មភាពសេដ្ឋកិច្ចយឺតយ៉ាវនៅទូទាំងប្រទេស។
ការ ព្យាករណ៍ថ្មីនេះមានលក្ខណៈអវិជ្ជមានខ្លាំងជាងការព្យាករណ៍របស់ អង្គការបញ្ញាវន្តសេដ្ឋកិច្ច(+១%) (Economist Intelligence Unit) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (-០,៥%) ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាវាយតម្លៃជាការព្យាករណ៍បែប ទុទិដ្ឋិនិយម។ រាជរដ្ឋាភិបាលកម្ពុជានៅតែរំពឹងថាអត្រាកំណើនសេដ្ឋកិច្ចនឹងមាន កំរិត៦%។
របាយការណ៍របស់ធនាគារពិភពលោកក៏បានលើកឡើងអំពី មូលហេតុ និងផលប៉ះពាល់តែមួយដូចនឹងរបាយការណ៍របស់មូលនិធិរូបិយវត្ថុដែរ (ការពឹងផ្អែកខ្លាំងទៅលើសេដ្ឋកិច្ចអាមេរិក និងអឺរុប ដែលកំពុងធ្លាក់ចុះ , ការធ្លាក់ចុះការនាំចេញវិស័យរោងចក្រកាត់ដេរ, ការធ្លាក់ចុះការវិនិយោគទុនបរទេស…)។ របាយការណ៍បានគូសបញ្ជាក់ជាពិសេសថា ប្រសិនជាការធ្លាក់ចុះនៅអូសបន្លាយ វានឹងមានផលប៉ះពាល់ផ្ទាល់មួយលើភាពក្រីក្រនៃប្រជាជនកម្ពុជា។ «នៅឆ្នាំ២០០៩ ការរីកចម្រើនដែលប្រទេសកម្ពុជាសម្រេចបាន តាមរយៈយុទ្ធសាស្រ្តអភិវឌ្ឍន៍សហសវត្សរ៍ ជាពិសេសការកាត់បន្ថយភាពក្រីក្រ អាចនឹងមានការធ្លាក់ចុះខ្លះ»។
ប្រទេស កម្ពុជានឹងក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសតំបន់អាស៊ី ដែលប្រជាជនត្រូវទទួលរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក ធ្ងន់ធ្ងរបំផុត រួមជាមួយប្រទេសថៃ (-២,៧%) និងប្រទេសម៉ាឡេស៊ី (-១%) ។ ធនាគារពិភពលោកព្យាករណ៍ថាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ទាំងនេះនឹង ជួបប្រទះការកើនឡើងចំនួននៃភាពក្រីក្រ។ ផ្ទុយទៅវិញ ប្រទេសជិតខាងកម្ពុជាចំនួន២ គឺប្រទេសឡាវ (៥%) និងប្រទេសវៀតណាម (៥,៥%) បែរជាមានកំណើនវិជ្ជមាន។
ទោះយ៉ាងណា ធនាគារពិភពលោកនៅតែបង្ហាញក្តីសង្ឃឹមថា ប្រទេសកម្ពុជាមាន«សំណាញ់សុវត្ថិភាព» ជាពិសេសសំណាញ់ចំណីអាហារ ដោយសារសន្ទុះនៃវិស័យកសិកម្ម ដែលជាសរសរគ្រឹះតែមួយគត់ចំណោមសរសរគ្រឹះសេដ្ឋកិច្ចទាំង៤ (វិស័យកាត់ដេរ សំណង់ និងទេសចរណ៍) ហើយកំណើនវិស័យកសិកម្មអាចនឹងបន្ត… លើកលែងតែមានគ្រោះធម្មជាតិ។












![I keep holding on [Explored] I keep holding on [Explored]](http://static.flickr.com/7097/7309045590_eb4be7eaca_t.jpg)
អ្នករួមមតិថ្មីៗ